តើអ្នកគិតយ៉ាងណា?

អ្នកស្រាវជ្រាវបានរកឃើញអំបូរជនជាតិខ្មែរមួយក្រុមកំពុងរស់នៅប្រទេសចិន

អ្នកស្រាវជ្រាវវប្បធម៌ និងអរិយធម៌ខ្មែរ បានរកឃើញជនជាតិអំបូរខ្មែរមួយក្រុមកំពុងរស់នៅប្រទេសចិនសព្វថ្ងៃនេះ។

អគ្គលេខាធិការនៃរាជបណ្ឌិតសភាកម្ពុជា លោកបណ្ឌិត ស៊ុំ ឈុំប៊ុន អ្នកស្រាវជ្រាវអំពីមត៌កវប្បធម៌ អរិយធម៌ខ្មែរ​ និងតំបន់អាស៊ី មានប្រសាសន៍ប្រាប់អ្នកយកព័ត៍មានវិទ្យុអាស៊ីសេរី លោក ឲម ឧត្ដម នៅថ្ងៃទី២៦ មេសានេះ​ ថាក្រុមជនជាតិអំបូរខ្មែរដែលកំពុងរស់នៅតំបន់ស៊ីងសងផាណា រហូតមកទល់នឹងពេលនេះ ប្រហែលជាត្រូវព្រះហាក្សត្រខ្មែរសម័យដើម បញ្ជូនទៅកាន់ប្រទេសចិនក្នុងអំឡុងចុងសតវត្សទី ១៣ នៃគ្រឹស្តសករាជ គឺប្រហែលចុងសម័យអង្គរ។

លោកបណ្ឌិត ស៊ុំ ឈុំប៊ុន បានបញ្ជាក់ថា៖​ ((ស្តេចខ្មែរក៏ឲ្យហ្ម ដំរី ២គ្រួសារ ទៅជួយថែទាំដំរី ក្រោយមកស្តេចខ្មែរដឹងថា ស្តេចជីងហុងចូលចិត្តម្ហូបខ្មែរ ក៏ចាត់ឲ្យគ្រួសារទៀតមកជួយធ្វើម្ហូបខ្មែរឲ្យស្តេចជីងហុង។ អ៊ីចឹងហើយបានគាត់ថា​ ដូនតាគាត់ ៤គ្រួសារហ្នឹងគឺមកពីកម្ពុជា មកនៅហ្នឹង(ចិន)។ ភូមិគាត់ហ្នឹងឥឡូវមានគ្នាប្រហែលជិត ១ពាន់អ្នកហើយគាត់និយាយភាសាខ្មែរសម័យដើមមួយមាត់ៗ ដែលគាត់នៅចាំ))។

លោក ស៊ុំ ឈុំប៊ុន មានប្រសាសន៍បញ្ជាក់បន្ថែមថា ការបញ្ជូនជនជាតិខ្មែរឲ្យជួយថែរក្សាដំរី និងធ្វើម្ហូបអាហារខ្មែរសម្រាប់ស្តេចនៅតំបន់ស៊ីសងផាណានៅពេលនោះ គឺដោយសារតែខ្មែរ និងចិនមានចំណងមិត្តភាពជាមួយគ្នាក្នុងការធ្វើចម្បាំងនឹងជនជាតិតៃ ដែលក្រោយមកក្លាយជាថ្ងៃបច្ចុប្បន្ននេះ។

អគ្គលេខាធិការនៃរាជបណ្ឌិតសភាកម្ពុជា បណ្ឌិត ស៊ុំ ឈុំប៊ុន ថ្លែងបន្តថា រាជបណ្ឌិតសភាកម្ពុជា ដែលជាស្ថាប័នស្រាវជ្រាវជាន់ខ្ពស់មួយនៅ កម្ពុជា នឹងបញ្ជូនអ្នកស្រាវជ្រាវទៅធ្វើការសិក្សាអំពី ក្រុមជនជាតិខ្មែរ ដែលកំពុងរស់នៅទីនោះនៅពេលខាងមុខឆាប់ៗនេះ៕

2 ចំលើយ

  1. ប្រហែលជារឿងពិត តែយើងនៅរងចាំ ការស្រាវជ្រាវបន្តរ ប្រហែលមិនមានតែខ្មែរ២-៣នាក់ឬគ្រួសារទេ ប្រហែលជា មានច្រើនជាងនោះឆ្ងាយណាស់ ពីព្រោះខ្មែរយើងធ្លាប់ មានទំនាក់ទំនងជាមួយចិនយូរណាស់ហើយ…។

    សូមអរគុណ ដែលបានចាប់អារម្មណ៍រឿងនេះ!

    • សូមអភ័យទោស ដែលយើងខ្ញុំមិនទទួល នូវព័ត៌ អំពី ក្រុមជនជាតិខ្មែរដែលបានរស់នៅប្រទេសចិន ជាបន្តទៀតសំរាប់បងប្អូនទាំងអស់។
      យើងខ្ញុំ បានខិតខំក្នុងការស្វែងរកដែរ ប៉ុន្តែមិនទទួលបានផល។
      សូមអរគុណ!

បញ្ចេញមតិ